ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីស្រាយបំភ្លឺព័ត៌មាន ដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានការបង្ហោះក្នុងបណ្ដាញសង្គម Facebook របស់ម្ចាស់គណនីឈ្មោះ ឈិន គឹមឡា ដែលមានខ្លឹមសារថា៖
«ចង់ឱ្យមេភូមិ មេឃុំ….ជិះម៉ូតូមកបង្រៀនជាមួយខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្ដងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំ…តិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង»។
មន្ទីរសូមធ្វើការស្រាយបំភ្លឺថា យោងតាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាប មួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំស្ទើរពេញ ផ្ទៃប្រទេស ក្នុងនោះខេត្តបាត់ដំបងក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ ដែលធ្វើឱ្យក្រុមការងារពិបាក ក្នុងការជួសជុលអំឡុងពេលនេះ។ ក្រុមការងារមន្ទីរ នឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផល។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង មានការយោគយល់ដល់ក្រុមការងារមន្ទីរ ៕
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង



