តើនរណាដែលកើតមកឥតខ្ចោះទាំងព្រមនោះ តើនរណាដែលកើតមកលើលោកនេះមិនដែលធ្លាប់សាងកំហុស?
នរណាក៏មានបញ្ហាជីវិតរៀងៗខ្លួនដែរ គ្រាន់តែថារបៀបនៃការដោះស្រាយបញ្ហានោះវាផ្សេងៗគ្នាប៉ុណ្ណោះ។ ការបង្កើតកំហុសគឺជាចំណុចដែល យើងអាចរៀនសូត្របាន ប៉ុន្តែក៏ត្រូវឱ្យប្រាកដថាយើងនឹងមិនបង្កើតកំហុសដដែលៗសម្រាប់ជីវិតយើងតទៅទៀត។
អ្នកខ្លះដោយសារតែការបង្កើតកំហុស ក៏ធ្វើចេះតែបន្ទោសខ្លួនឯងមិនចេះចប់មិនចេះហើយ។ ពេលខ្លះដល់ថ្នាក់មាក់ងាយខ្លួនឯងថា ជាមនុស្សឥតបានការ ជាមនុស្សឥតតម្លៃ ហើយចួនកាលដល់ថ្នាក់ហ៊ានទាំងចង់បញ្ចប់ជីវិតខ្លួនឯងទៀតក៏មានដែរ។
បើយើងមិនរៀនលើកលែងឱ្យខ្លួនឯង មិនរៀនស្រឡាញ់ខ្លួនឯងទេ នោះនឹងគ្មាននរណាអាចមកធ្វើរឿងនេះជំនួសបានឡើយ។ បើយើងកើតទុក្ខ ហើយចង់រំសាយទុក្ខ ប៉ុន្តែយើងខ្លួនឯងមិនបានអនុញ្ញាតឱ្យចិត្តយើងដោះលែងពីភាពឈឺចាប់ និងទុក្ខលំបាកនេះផង តើឱ្យយើងមានចិត្តជ្រះថ្លាបានយ៉ាងម៉េច?
យើងចេះឱ្យឱកាសម្តងជាពីរដងទៅអ្នកដទៃ ចុះហេតុអ្វីយើងមិនចេះឱ្យឱកាសខ្លួនឯងផង? ឱ្យឱកាសខ្លួនឯងដើម្បីបានប្រើជីវិតជារបស់ខ្លួនឯង និងចេះស្រឡាញ់ខ្លួនឯងសារជាថ្មី។ ឱ្យឱកាសដើម្បីតស៊ូតទល់ជាមួយនឹងបញ្ហាជីវិត ឱ្យឱកាសខ្លួនឯងនិងហ៊ានទទួលយកការពិត ហើយព្យាយាមរស់ឱ្យបានល្អបំផុតសម្រាប់ខ្លួនឯង។
អត្ថបទ៖ #សៀវភៅជីវិត
